ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា ប្រទេសកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនា នាឆ្នាំ ២០២៦នេះ។ ការអះអាងនេះ គឺក្នុងពេលដែលឯកឧត្តម ហួត ហាក់ បានអនុញ្ញាតជូនលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមសម្រាប់ឆ្នាំថ្មី និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២ ខែមករា។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាច្រើន ដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈក្នុងឆ្នាំ ២០២៥ កន្លងមកនេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact Project (QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។

ចំណែកឯឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជានាប៉ុន្នានខែចុងឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេច របស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សម្បូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយ QIP និងការផ្តល់ឱកាសដល់មន្រ្តីរាជការក្រសួងទេសចរណ៍ចំនួន ៤រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលដ៏ល្អ និងសម្រិតសម្រាំងនៅសាធារណរដ្ឋឥណ្ឌានាចុងខែមករា ឆ្នាំ ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍


