អ្នកឧកញ៉ា សួរ វីរៈ លើកឡើងពីភាពជោគជ័យចំបងបំផុតគ្រប់ឆ្នាំដែលលោកមានចំនួន ៣

អ្នកឧកញ៉ា សួរ វីរៈ ដែលកំពុងដឹកនាំមុខជំនាញមួយចំនួនក្នុងវិស័យផ្សេងៗគ្នា បានលើកឡើងថា ភាពជោគជ័យចំបងបំផុតគ្រប់ឆ្នាំដែលលោកមាន គឺមិនមែនជាលុយ ហើយក៏មិនមែនជាមុខជំនួញនោះដែរ។

តាមដានជាមួយយើង៖ Million Times

តាមរយៈហ្វេសប៊ុករបស់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននោះ បានបង្ហោះដឹងនៅថ្ងៃទី២ ខែមករានេះថា ភាពជោគជ័យចំបងបំផុតគ្រប់ឆ្នាំដែលលោកមានចំនួន ៣ជោគជ័យ រួមមាន៖ ១. ភាពជោគជ័យដែលរក្សាបាននូវសុភមង្គលក្នុងគ្រួសារ, ២. ភាពជោគជ័យលើសុខភាព និង៣. ភាពជោគជ័យដែលអាចកាន់ដៃមនុស្សជុំវិញខ្លួន ឱ្យទទួលបានភាពជោគជ័យដូចលោកដែរ។

នាពេលបច្ចុប្បន្ន អ្នកឧកញ៉ា សួរ វីរៈ កំពុងដឹកនាំមុខជំនាញក្នុងវិស័យមួយចំនួនដូចជា៖ វិស័យដឹកជញ្ជូនអ្នកដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស, សេវាកម្មបញ្ញើឆាប់រហ័ស, វិស័យទេសចរណ៍ និងបដិណ្ឋារកិច្ច, វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យកសិកម្ម ជាដើម។

អ្នកឧកញ៉ារូបនេះ ធ្លាប់បានឱ្យដឹងថា ការបង្កើតក្រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកអ្នកដំណើរ គឺផ្ដើមចេញពីពេល​ដែលលោកប្រកបអាជីពជាអ្នកនាំភ្ញៀវទេសចរបរទេស ដើរលេងកម្សាន្តនៅរមណីដ្ឋាននានា នៅខេត្ត​កោះកុង ​នៅឆ្នាំ ២០០៤ ដោយពីដំបូងលោកបានទិញរថយន្ដតួរីស​មួយ​គ្រឿង ដើម្បីដឹកអ្នកដំណើរពីកោះកុង ទៅខេត្តព្រះសីហនុ។

ពីដំបូងឡើយលោកត្រូវបើកបរដោយខ្លួនឯងផង និងជូនភ្ញៀវទេសចរដើរលេងកម្សាន្តផង រហូត​ដល់មានកំណើនភ្ញៀវធ្វើដំណើរ ទើបលោកបានបន្តទិញរថយន្តដឹកអ្នកដំណើរជាច្រើនគ្រឿង។ ក្រោយពីជោគជ័យបន្តបន្ទាប់មក លោកក៏បានពង្រីកការដឹកជញ្ជូនអ្នកដំណើរ នៅទូទាំង ២៥រាជធានី-ខេត្ត និងនៅប្រទេសជិតខាងរបស់កម្ពុជា ផងដែរ។

អ្នកឧកញ៉ា សួរ វីរៈ ក៏ធ្លាប់បាន​កត់​សម្គាល់ថា យុវជនជំនាន់ក្រោយភាគច្រើន មានផ្នត់គំនិតចង់បង្កើតអាជីវកម្ម តែពួកគេមានការ​រារែក​។ រារែកក៏​ព្រោះ​តែពួកគេ មិនច្បាស់អំពីខ្លួនឯង ហើយម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងបញ្ហាធនធានថវិកា និងបទ​ពិសោ​ធន៍​។

លោកបានលើកជាយោបល់ដល់យុវជនជំនាន់ក្រោយថា ប្រសិនចង់​បង្កើត​អាជីវកម្មថ្មីមួយ យុវជនត្រូវច្បាស់ក្នុងចិត្តខ្លួនឯង ថាតើខ្លួនមានកម្លាំងចិត្តគ្រប់គ្រាន់ឬអត់? ហើយចំណេះ​ដឹងចំពោះអាជីវកម្មដែលខ្លួនចង់នោះ មានកម្រិតណាដែរ?

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា សួរ វីរៈ