សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យវីរកងទ័ពទាំង ១៨រូប ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យបងប្អូនវីរកងទ័ពទាំង ១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅវិមាន ៧មករា បន្ទាប់ពីពួកគាត់ត្រូវបានយោធាថៃដោះលែង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរយុទ្ធជនទាំង ១៨រូប ដែលបានជួបជុំក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា។

សម្តេចយល់អំពីអារម្មណ៍របស់វីរយុទ្ធជនទាំង ១៨រូប ក៏ដូចជាក្រុមគ្រួសារអំពីការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ធ្លាប់បានឆ្លងកាត់បទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេចយកជីវិតជាដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេច ក៏បានយកឱកាសនេះអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរយុទ្ធជន ហើយរូបសម្ដេចផ្ទាល់ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាពរបស់វីរយុទ្ធជន ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រ និងសម្ដេចម៉ែ ក៏បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនទាំង ១៨រូប រួមទាំងវីរកងទ័ពទាំងអស់នៅតាមព្រំដែន ដែលនេះជាការយកចិត្តដាក់ពីថ្នាក់ដឹកនាំរបស់កម្ពុជា គ្រប់លំដាប់ថ្នាក់។

ជាមួយនេះ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើបបន្ថែមទៀត ដែលកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ នៅពេលដែលសម្ដេច បានឃើញវីរយុទ្ធជនទាំង ១៨រូប ធ្វើដំណើរមកដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយផ្ទាល់។ សម្ដេចមានអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាននៅតាមដងផ្លូវ ចំពោះវីរយុទ្ធជនទាំង ១៨នាក់ ដែលសម្ដេចបានបញ្ជាក់ថា នេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំបំផុត សម្រាប់វីរយុទ្ធជនទាំង ១៨រូប ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយវីរយុទ្ធជននៅសមរភូមិមុខ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់វីរយុទ្ធជនទាំង ១៨រូប រួមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងបានរស់នៅជាមួយក្រុមគ្រួសារ ព្រមទាំងបានរស់នៅក្នុងទឹកដីកំណើតឡើងវិញប្រកបដោយភាពសុខសាន្ត៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចតេជោ