ឆ្លងឆ្នាំសកល អាជ្ញាធររាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការផ្លូវថ្មើរជើងរយៈពេល ៣ថ្ងៃ

អាជ្ញាធររាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល បានសម្រេចនឹងបើកឱ្យដំណើរការជាធម្មតានូវ “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ ឆ្លងចូលឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៨​​ ខែធ្នូនេះថា ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែរស់រវើក ស្របពេលដែលពិភពលោកទាំងមូល នឹង​សាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦នាពេលខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជាធម្មតានូវ “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១-២ ខែមករា ឆ្នាំ ២០២៦។

លោកស្រី បានឱ្យដឹងបន្តថា ការបើកជាធម្មតានូវផ្លូវថ្មើរជើងចតុមុខនេះ ក៏នឹងមានការដាក់តាំងលក់ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផ្ទាំងទស្សនីយ៍ភាពសិល្បៈបុរាណ-សម័យចំរុះជាច្រើន។ ប៉ុន្តែមិនមាន​ការ​អុជកាំជ្រួច​គ្រប់​ប្រភេទ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ ឆ្នាំនោះទេ។  

បើតាមអ្នកនាំពាក្យដដែល ការបើកឱ្យដំណើរការជាធម្មតានូវផ្លូវថ្មើរជើងចតុមុខនេះ ក៏ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែលរាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោកផងដែរ។

គួរឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំដាក់ឱ្យមានចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥មក ដោយបើកនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨ និង០០នាទី រហូតដល់ម៉ោង ២៣ និង០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ផ្លូវថ្មើរនេះ ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ មានអ្នកទៅលេងកម្សាន្តរាប់ពាន់រហូតដល់ម៉ឺននាក់ឯណោះ៕

អត្ថបទ៖ វីរៈ រូបភាព៖ លោកស្រី ដោ សម្ផស្ស