អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្នុង ភូមិប៊ុន រ៉ានីសែនជ័ជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមរៀបចំជាកសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរ និងដាំដុះបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ជាចំណីសត្វ ជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ១០០គ្រួសារ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានឲ្យដឹងថា បច្ចុប្បន្នសមាគម បាននិងកំពុងរៀបចំទីតាំងកសិដ្ឋានរួមមួយ សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងនិវត្តជន ចិញ្ចឹមដោយបែងចែកជាទ្រុងតាមគ្រួសារនីមួយៗ ហើយសមាគមក៏បានសិក្សាជាមួយអ្នកជំនាញ រៀបចំកសិដ្ឋានតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដោយគិតគូរយ៉ាងម៉ត់ចត់ ធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់បរិស្ថានឡើយ។

ចំណែកអ្នកជំនាញកសិកម្មក្រុមហ៊ុន PASSION GROUP ដែលសហការជាមួយនិងសមាគម បានឱ្យដឹងថា ជ្រូកកណ្ដុរជាពូជជ្រូកដែលស្រួលចិញ្ចឹម និងចំណាយពេលចិញ្ចឹមខ្លី ហើយពួកវាស៊ីអាហារធម្មជាតិដែលមានដូចជា ដើមចេក ផ្លែចេក ត្រកួន ដំឡូងមី ស្ពៃ និងបន្លែជាច្រើនប្រភេទទៀតព្រមទាំងផ្លែឈើដែលអ្នកភូមិដាំដុះបានមានដូចជាស្វាយទុំ ល្ហុង ខ្នុរ ជាដើម។

គួរឱ្យដឹងថា កម្មវិធីជំរុញការអភិវឌ្ឍកសិកម្ម និងចិញ្ចឹមសត្វ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាកិច្ចសហការរវាងសមាគមជាមួយក្រុមហ៊ុនឯកជន ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នគម្រោងនេះ ទទួលបានការគាំទ្រច្រើនពីអអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងនិវត្តជន ដែលគិតមកដល់ពេលនេះមានជាង ១០០គ្រួសារហើយ ដែលបានចុះឈ្មោះចិញ្ចឹមជ្រូកកណ្ដុរនេះ ហើយក្រោយទទួលបានជោគជ័យ សមាគមនឹងបន្តពង្រីកទៅភូមិអតីតយុទ្ធជន និងនិវត្តជនទូទាំងប្រទេស។

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្លាប់បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កសិកម្ម និងចិញ្ចឹមសត្វក្នុងភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជននេះ មិនត្រឹមតែជួយបង្កើតមុខរបរជូនពួកគាត់ទេ ថែមទាំងរកទីផ្សារជូនពួកគាត់ថែមទៀត ពោលគឺជ្រូកដែលពួកគាត់ចិញ្ចឹម បាននិងមានក្រុមហ៊ុនចាំទទួលទិញក្នុងតម្លៃថេរ ដោយមិនគិតពីតម្លៃទីផ្សារធ្លាក់ចុះនោះទេ។ ដូច្នេះអតីតយុទ្ធជន និងនិវត្តជន មិនប្រឈមនឹងហានីភ័យទីផ្សារឡើយ៕
អត្ថបទ៖ វីរៈ រូបភាព៖ សមាគមអតីតយុទ្ធជន


