ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម ក្នុងគ្រប់វិស័យទាំងអស់កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូល។

ការលើកឡើងនេះ ស្របពេលដែលធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Toshitaka Sekine នៃសាកលវិទ្យាល័យ Hitotsubashi ប្រទេសជប៉ុន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

សន្និសីទដ៏មានសារៈសំខាន់នេះមានវត្តមានចូលរូមរបស់មន្ត្រី-តំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិទ្យាស្ថានសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុក-ក្រៅស្រុក សហគ្រាសធុនតូច និងមធ្យម (SME) និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ២៥០រូប។

បើតាមធនាគារជាតិនៃកម្ពុជា នៅក្នុងបរិបទបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម ក្នុងគ្រប់វិស័យទាំងអស់កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូល តាមរយៈការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ និងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។

នៅក្នុងកម្មវិធីនេះ អ្នកស្រាវជ្រាវ និងវាគ្មិន បានធ្វើបទបង្ហាញលើប្រធានបទចំនួន ៣ រួមមាន៖ ការទទួលបានសេវា ហិរញ្ញវត្ថុ ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងសហគ្រាសធុនតូច និងមធ្យម, ការពង្រឹង សិទ្ធិអំណាចស្ត្រីកម្ពុជាក្នុងសហគ្រាសធុនតូច និងមធ្យម និងការពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈនៅកម្ពុជា។
ជាមួយគ្នានេះ វាគ្មិនជំនាញមកពីក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងដៃគូអភិវឌ្ឍន៍ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើកត្តាប្រឈម ពាក់ព័ន្ធនឹងការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យចុះបញ្ជីក្នុងប្រព័ន្ធផ្លូវការនៅកម្ពុជា ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា


