អ្នកឧកញ៉ា គិត ម៉េង៖ នៅពេលធុរកិច្ចរីកចម្រើន ប្រទេសជាតិទាំងមូលក៏រីកចម្រើនដែរ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា នៅពេលធុរកិច្ចរីកចម្រើន ប្រទេសជាតិទាំងមូលក៏រីកចម្រើនដែរ។ ការលើកឡើងនេះ ស្របពេលធនាគារ វីង ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សម្រេចផ្តល់ឥណទានចំនួន ៥០០លានដុល្លារ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី និងសហគ្រិនស្ត្រី។

តាមដានជាមួយយើង៖ Million Times

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៦ ខែធ្នូនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះឱ្យដឹងថា «ខ្ញុំមានមោទនភាពក្នុងការប្រកាសថា ធនាគារ វីង ក្នុងនាមជាសមាជិកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសម្រេចផ្តល់ឥណទានសរុបចំនួន ៥០០លានដុល្លារអាមេរិក ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី និងសហគ្រិនស្ត្រី តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (ម.ស.ស.ស.) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។

អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱ្យដឹងបន្តថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រទាំងនេះ ធនាគារ វីង បានសម្រេចផ្តល់ហិរញ្ញវត្ថុសរុបចំនួន ៥០០លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖ ១០០លានដុល្លារ តាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី ស្ថិតក្រោមក្រសួងកិច្ចការនារី ដើម្បីគាំទ្រសហគ្រិនស្រ្តីក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួន។

ចំណែកឯចំនួន ២០០លានដុល្លារ ជាឥណទានគ្មានការប្រាក់ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជួយសហគ្រាសដែលបង់ពន្ធ និងអាករតាមរយៈប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ វីង ប្រកបដោយប្រសិទ្ធភាព និង ២០០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង នវានុវត្តន៍ និងវឌ្ឍនភាពនៃអាជីវកម្ម។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា «យើងមិនត្រឹមតែសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ផងដែរ នូវឧបករណ៍ឌីជីថល និងបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការណែនាំដែលចាំបាច់ ដើម្បីជួយឲ្យអាជីវកម្មអាចរីកចម្រើនប្រកបចីរភាព។ តាមរយៈការវិនិយោគលើធនធានមនុស្ស និងនវានុវត្តន៍ យើងកំពុងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ ប្រកបដោយបរិយាបន្ន និងចីរភាព»។

បើតាមមហាសេដ្ឋីរូបនេះ នៅពេលធុរកិច្ចរីកចម្រើន ប្រទេសជាតិទាំងមូលក៏រីកចម្រើនដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកអ្នកឧកញ៉ា គិត ម៉េង