វិរៈ ប៊ុនថាំ ចុះ MOU ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនពលរដ្ឋ

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស។

តាមដានជាមួយយើង៖ Million Times

ពិធីចុះ MOU នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ គឺជាយន្តការដ៏មានសារសំខាន់នៃភាពជាដៃគូររវាងរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្ដម បន្តថា កិច្ចការទាំងនេះ គឺស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) សេវាបញ្ជើអត្តសញ្ញាណកម្ម គឺជាការផ្តល់នូវជម្រើសជូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសបញ្ញើតាមគោលការណ៍ស្ម័គ្រចិត្ត លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ ដោយមិនចាំបាច់ត្រឡប់មកទទួលយកឯកសារដោយផ្ទាល់។

ក្នុងនោះដែរ ឧត្តមសេនីយ៍ឯក តុប នេត ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់មន្រ្តីផ្តល់សេវារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដូចជា៖ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ទុក បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ សមប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីផ្តល់សេវា, ការទទួលយកកម្រៃសេវាបញ្ញើតាមការកំណត់ និងការថែរក្សាទុកដាក់ឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងរៀបចំបញ្ញើឱ្យចំគោលដៅ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចំណែកអ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា ការចុះ MOU នៅថ្ងៃនេះ គឺក្នុងគោលបំណងគាំទ្រគោលនយោបាយសាធារណៈ របស់រាជរដ្ឋាភិបាល ស្តីពីការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនានាជាមួយក្រសួង និងរាជរដ្ឋាភិបាល លើការផ្តល់សេវាឱ្យកាន់តែប្រសើរ៕

អត្ថបទ៖ វីរៈ​ រូបភាព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម