រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំ និងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។

ការបង្ហាញការព្រួយបារម្ភបែបនេះ ស្របពេលដែលយោធាថៃ បានបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូនេះថា រដ្ឋាភិបាលអូស្ត្រាលី ជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

ម្យ៉ាងទៀត អូស្ត្រាលី ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងនិងសន្តិភាព ហើយក៏ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ។
បន្ថែមពីលើនេះ រដ្ឋាភិបាលអូស្ត្រាលី ក៏បានសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយបានអំពាវនាវឱ្យភាគីទាំងពីរធានាឲ្យបាន នូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


