ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានជំរុញឱ្យមានចលនាលើកកម្ពស់ផលិតផលក្នុងស្រុក និងផ្តើមគំនិតអាជីវកម្ម ចាប់ពីកម្រិតតូចៗឡើងទៅ ក្នុងការចាប់ផ្តើមអាជីវកម្ម ដែលមានប្រភេទជាមីក្រូ និងតូច។ ការជំរុញនេះ ស្របពេលដែលឧកញ៉ារូបនេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាចែករំលែកក្រោមប្រធានបទ ស្តីពី គន្លឹះគ្រប់គ្រងអាជីវកម្មមុខរបរនិងការងារ កាលពីថ្ងៃទី២២ ខែធ្នូ។

នៅក្នុងវេទិកានេះ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានលើកឡើងថា ម្ចាស់អាជីវកម្មត្រូវចេះរៀនស្គាល់ខ្លួនឯង រៀនស្គាល់ពីផលិតផលខ្លួនឯង រៀនស្គាល់ពីទីផ្សារ រៀនស្គាល់ពីអតិថិជនអ្នកប្រើប្រាស់គាំទ្រ រៀនស្គាល់ពីដៃគូប្រជែង និងចេះរៀនបន្តអភិវឌ្ឍន៍ជំនាញអាជីវកម្មខ្លួនឯង នោះទើបអាជីវកម្ម មិនងាយនឹងដួលរលំ។

ឧកញ៉ា កែវ មុំ បានបន្ថែមទៀតថា «ទោះបីប្រទេសកំពុងតែជួបវិបត្តិសង្គ្រាមនៅតាមព្រំដែនយ៉ាងណាក៏ដោយ យើងទាំងអស់គ្នា ដែលជាម្ចាស់ជីវកម្មត្រូវតែខិតខំប្រឹងប្រែងពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីផ្គត់ផ្គង់ទំនិញ និងផលិតផលក្នុងស្រុកយើងដល់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ ឱ្យកាន់តែធំទូលាយនៅក្នុងប្រទេសយើង ហើយត្រូវកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស ឬក៏មិនចាំបាច់រំពឹងការនាំចូលច្រើនពីប្រទេសផ្សេងនោះទេ»។

ឧកញ៉ា កែវ មុំ បានលើកទឹកចិត្តទៅដល់អ្នកគ្រប់គ្រង មកពីមូលដ្ឋានអាជីវកម្មទាំងអស់ ដោយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងបន្តជួយជ្រោមជ្រែង ប្រឹក្សាយោបល់គំនិតគ្រប់គ្រងអាជីវកម្មជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មីក្រូសហគ្រាស ពីតូចទៅមធ្យម ពីមធ្យមទៅខ្នាតធំ ទៅតាមកម្រិតរីកចម្រើននៃមូលដ្ឋានអាជីវកម្មនីមួយៗ ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា


