អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន៖ ការប្រើប្រាស់ថវិកាសប្បុរសធម៌គ្រប់កាក់គ្រប់សេន ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់​

អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ការប្រើប្រាស់ថវិកាសប្បុរសធម៌គ្រប់កាក់គ្រប់សេន ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះមនុស្សធម៌។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ស្របពេលដែលអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ស្តីពី បញ្ហាបែងចែក និងប្រើប្រាស់ថវិកាទាំង ៨០ ០០០ដុល្លារ ដែលទទួលបានពីកម្មវិធីប្រគំតន្ត្រី «Rise for Khmer» នៅប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតលើគោលការណ៍តម្លាភាព ប្រសិទ្ធភាព និងការឆ្លើយតបតាមតម្រូវការជាក់ស្តែង របស់ជនភៀសសឹក។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សិល្បករ និងតារាចម្រៀងប្រចាំផលិតកម្មបារមី និងក្រុមការងារដែលទទួលខុសត្រូវ ដើម្បីពិភាក្សា និងដាក់ចេញនូវយុទ្ធសាស្ត្របែងចែកថវិកាឱ្យបានសមស្រប សមធម៌ និងអាចបង្កើតផលប្រយោជន៍អតិបរមា សម្រាប់ជនដែលកំពុងរងផលប៉ះពាល់។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ការប្រើប្រាស់ថវិកាសប្បុរសធម៌គ្រប់កាក់គ្រប់សេន ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះមនុស្សធម៌ ដើម្បីឱ្យជំនួយនេះ អាចទៅដល់ដៃអ្នកត្រូវការយ៉ាងពិតប្រាកដ និងទាន់ពេលវេលា។

ជាមួយគ្នានេះ ក្នុងកិច្ចសហការជាមួយផលិតកម្មបារមី សមាគមសិល្បករខ្មែរ បានប្រកាសបើកយុទ្ធនាការរៃអង្គាសប្រាក់ជាអន្តរជាតិជាផ្លូវការ តាមរយៈ GoFundMe សម្រាប់យុទ្ធនាការ «RISE FOR KHMER» ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវភៀសសឹកដោយសារវិបត្តិ ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់សមាគមសិល្បករខ្មែរ។

ប្រភពដដែល បានឱ្យដឹងថា​ «តាមរយៈការប្រគំតន្ត្រី Rise for Khmer យើងទទួលបានថវិកាចំនួន ៨០,០០០ ដុល្លារអាមេរិក ហើយយើងកំពុងបន្តបេសកកម្មនេះជាមួយគ្នា។ ខណៈពេលដែលការរៃអង្គាសថវិកានៅក្នុងស្រុកកំពុងបន្ត GoFundMe នេះត្រូវបានបង្កើតឡើង ដើម្បីឱ្យអ្នកគាំទ្រនៅក្នុងសហរដ្ឋអាមេរិក អូស្ត្រាលី អឺរ៉ុប និងនៅទូទាំងពិភពលោក អាចឈរជាមួយយើង និងចូលរួមចំណែកជួយបាន»។

គួរឱ្យដឹងថា​ GoFundMe នេះ គឺជាបណ្តាញរៃអង្គាសប្រាក់ជាអន្តរជាតិផ្លូវការតែមួយគត់ ដែលត្រូវបានអនុម័តដោយផលិតកម្មបារមី ហើយសមាគមសិល្បករខ្មែរ បានអំពាវនាវឱ្យសាធារណជន មានការប្រុងប្រយ័ត្ន ចំពោះការឆបោកទាំងឡាយ៕

អត្ថបទ៖​ វីរៈ រូបភាព៖ សមាគមសិល្បករខ្មែរ