សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិនបច្ចុប្បន្ន គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ការគូសបញ្ជាក់នេះ ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២២ ខែធ្នូនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់លោកសាស្ត្រាចារ្យ មកកាន់កម្ពុជានាពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។

ចំណែកលោកសាស្ត្រាចារ្យ Xie Chuntao បានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដែលមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោកក៏បានលើកឡើងអំពីភាពរីកចម្រើន នៃទំនាក់ទំនងរវាងបក្ស និងបក្ស ដែលមានជាមួយគ្នា ហើយសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរ ឲ្យកាន់តែរីកចម្រើន។

លោកបានរំលឹកថា កន្លងមកភាគីទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ច រវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។

សម្ដេចតេជោ បានសម្ដែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងគណបក្សនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។
ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរ គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ


