សំណើសុំវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន មានការកើនឡើងជាបន្តបន្ទាប់

សំណើសុំវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការដីធ្លីសក្តានុពលក្នុងខេត្តទាំងបួននេះ ក៏មានចំនួនច្រើនដែរ។ នេះបើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុក កម្មវិធីពិសេជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន (ក.វ.ឦសាន)។

តាមដានជាមួយយើង៖ Million Times

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឯកឧត្តម ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋ-កិច្ចនិងហិរញ្ញវត្ថុ និងជាទីប្រឹក្សា ក.វ.ឦសាន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគ ដែលបានស្នើសុំគោលការណ៍លើកទឹកចិត្តពិសេស ជូនក្រុមហ៊ុន/សហគ្រាសចំនួន ៧។

ឯកឧត្តម ម៉ៅ បូរាណ បានលើកឡើងថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់លើកទឹកចិត្តពិសសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ដែលមានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, និងវិស័យទេសចរណ៍ ជាពិសេសការដោះស្រាយបញ្ហាប្រឈមជាកញ្ចប់នៅហ្នឹងកន្លែង តាមរយៈការអនុវត្តយន្តការ «ច្រកចេញចូលតែមួយ» និង ស្របតាមអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”។

លោកបានបន្ថែមថា ការចុះត្រួតពិនិត្យ និងវាយតម្លៃចំនួន ៧គម្រោ​ងវិនិយោគ ក្រោមទុនវិនិយោគប្រមាណ ១៣៤,៥០ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១៨៥០កន្លែងនេះ គឺជាសកម្មភាពដ៏សំខាន់មួយរបស់ ក.វ.ឦសាន ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិនដែលមានស្រាប់ ប្រយោជន៍ដើម្បីលើកទឹកចិត្តវិនិយោគិនឱ្យបន្ត ឬពង្រីកបន្ថែមគម្រោងវិនិយោគរបស់ខ្លួន។

ម្យ៉ាងទៀត ក៏ដើម្បីជំរុញវិនិយោគិនបង្កើនតម្លៃបន្ថែម នៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្ពោះទៅរកឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក, លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល និងផ្ទេរជំនាញដល់កម្មករខ្មែរ, ក៏ដូចជាផ្សព្វផ្សាយបន្តនូវសក្តានុពល និង កាលានុវត្តភាពវិនិយោគ នៃតំបន់ភូមិភាគឦសាន។

បើតាមក.វ.ឦសាន មានការកើនឡើងជាបន្តបន្ទាប់លើការស្នើគម្រោងវិនិយោគ និងការផ្តល់គោលការណ៍វិនិយោគ ស្ថិតក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ វិនិយោគិន ក៏មានសំ​ណើ​មានតម្រូវការដីធ្លីសក្តានុពលក្នុងខេត្តទាំងបួននៅភូមិភាគឦសាន សម្រាប់គម្រោងវិនិយោគដើម្បីបង្កើតតំបន់បណ្តុំសហគ្រាសធុនតូច និងមធ្យម ឬ ហៅថា SME Cluster, ការដាំដុះដំណាំកសិកម្ម ការបង្កើតរោងច​ក្រ តំបន់សេដ្ឋកិច្ចពិសេស និងការបង្កើតតំបន់ទេសចរណ៍ ដែលនឹងបង្កើតការងារ ការផ្ទេរចំណេះ-ជំនាញ និងបច្ចេកវិទ្យាជាដើម៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ក.វ.ឦសាន