ប្រទេសកម្ពុជា នឹងមានរោងចក្រផ្គុំដំឡើងរថយន្ដថ្មីមួយបន្ថែមទៀត

ប្រទេសកម្ពុជា នឹងមានរោងចក្រផ្គុំដំឡើងរថយន្ដថ្មីមួយបន្ថែមទៀត ស្របពេលដែលក្រុមហ៊ុន K N N Automotive., LTD បានដាក់សំណើទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមដានជាមួយយើង៖ Million Times

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនោះក៏មានសំណើរបស់ក្រុមហ៊ុន K N N Automotive., LTD ផងដែរ។

ក្រុមហ៊ុន K N N Automotive., LTD គ្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ដម៉ូដែល JETOUR ចំនួន ៥។ បច្ចុប្បន្ន ក្រុមហ៊ុន KNN Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិនាំចូល ចែកចាយ នូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្មម៉ូដែល JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកយីហោ JETOUR នៅកម្ពុជា។

ការទទួលបានគម្រោង បង្កើតរោងចក្រផ្គុំដំឡើងរថយន្ដថ្មីមួយបន្ថែមទៀតនេះ នាំឱ្យប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្ដមិនតិចជាង ១០ឡើយ។ រោងចក្រទាំងនោះ ដំឡើងរថយន្ដមានប្រភពដើមមកពីសហរដ្ឋអាមេរិក ចិន និងកូរ៉េ ជាដើម។

គួរឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ បានពិភាក្សាទៅលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៣ ដែលមានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង។

គម្រោងទាំងនោះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១២គម្រោង (ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បា និងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិតផលិតផលកម្ចាត់សត្វល្អិត, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់)។

គម្រោងវិនិយោគទាំង ១៣ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា