ចាប់ពីពេលនេះតទៅ ប្រជាជនឡាវដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា តាមរយៈស្កេន KHQR Codes ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមហ្សូអរកួតរវាងកម្ពុជា និងឡាវ (ដំណាក់កាលទី២៖ ឡាវស្កេន KHQR Codes។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាលធនាគារកណ្តាលឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យ ដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាម QR Codes រវាងកម្ពុជា និងឡាវ (ដំណាក់កាលទី២៖ ឡាវស្កេនKHQR Codes) នៅរាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Codes រវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយស្កេនឡាវ LAOQR តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត។

សម្រាប់ដំណាក់កាលទី ២នេះ ប្រជាជនឡាវដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេន KHQR Codes តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។

លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាសមិទ្ធផលកម្រិតបច្ចេកទេសប៉ុណ្ណោះទេ តែក៏ជាស្ពានតភ្ជាប់រវាងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ គំនិតផ្តួចផ្តើមនេះមានសក្តានុពលក្នុង ១/-ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈប្រតិបត្តិការទូទាត់ឌីជីថលដែលសុវត្ថិភាព ២/-ការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរការទូទាត់ដែលងាយស្រួល និង ៣/-ការលើកកម្ពស់ការធ្វើ សមាហរណកម្មក្នុងតំបន់អាស៊ាន។

ចំណែកលោកជំទាវ Bounkham Vorachit ក៏បានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Codes រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ត្រូវបានចាត់ទុកជាសមិទ្ធផល ប្រកបដោយផ្លែផ្កា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។

គួរឱ្យដដឹងថា កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ដែលមានលទ្ធភាព ក្នុងការទូទាត់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ស្របតាមទិសដៅនៃការធ្វើសមាហរណកម្មអាស៊ាន។ តាមរយៈការវិវត្តនៃនវានុវត្តន៍ឌីជីថល ធនាគារកណ្តាលទាំងពីរ មានបំណងដោះស្រាយបញ្ហាប្រឈមក្នុងការទូទាត់បែបប្រពៃណី និងជំរុញលំហូរហិរញ្ញវត្ថុទៅវិញទៅមករវាងប្រទេសទាំងពីរ ឱ្យកាន់តែ ប្រសើរឡើង៕
អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិ


