សហគ្រិនស្ត្រីមួយរូប លើកឡើងថា បងប្អូនម្ចាស់អាជីវកម្ម ត្រូវលក់ដូរ ផូសន៍ ឡៃធម្មតា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរ

សហគ្រិនស្ត្រីមួយរូប គឺលោកស្រី ចេន សុភាព បានលើកឡើងថា ម្ចាស់អាជីវកម្ម ត្រូវលក់ដូរជាធម្មតា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរ។ ការលើកឡើងនេះ បន្ទាប់ពីមានមតិខ្លះ ឆ្ងល់ថា ហេតុអ្វីផេកខ្លះ ឡាយលក់អីវ៉ាន់ធម្មតា ហើយខ្លះទៀតចូលហាងញ៉ាំរបស់ឆ្ងាញ់ ផុសបែបសប្បាយធម្មតា ខណៈប្រទេសជាតិកំពុងមានបញ្ហា។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូនេះ លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ បានសរសេរថា ការចូលហាង ផឹកស៊ី ផូសន៍សប្បាយ ដើរលេងគឺមិនត្រូវផូសន៍ តែការទិញ លក់ដូរគឺត្រូវតែលក់ មិនថាឡៃ មិនថាផូសន៍ គឺត្រូវតែមានសកម្មភាព ក្នុងកាលៈទេសៈនេះ។

លោកស្រី បានបន្ថែមថា «បងប្អូនម្ចាស់អាជីវកម្ម ត្រូវលក់ដូរ ផូសន៍ ឡៃ ធម្មតា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរ បើអត់លក់ អត់មានតម្រូវការ តើបានចំណូលមកពីណា មកទិញស្បៀង ទិញសម្ភារៈប្រើប្រាស់ផ្សេងៗ មកជួយជនភៀសសឹកបន្ត? តើបងប្អូនដែលលក់ដូរប្រចាំថ្ងៃ សល់លុយប៉ុន្មានសម្រាប់ចំណាយនៅក្នុងរយៈពេល ១ខែ ២ខែ បើមិនរកទទួលទាន លក់ដូរ ខំប្រឹងធ្វើការរាល់ថ្ងៃ»?

សហគ្រិនស្ត្រីរូបនេះ បានបន្តថា កុំចាញ់ល្បិចបុគ្គលមួយចំនួនតូច និងផេកខ្លះ ដែលផូសន៍តាមកំហឹង និងតាមអារម្មណ៍ មិនយល់ពីសេដ្ឋកិច្ច មិនមែនជាអ្នកជំនួញឱ្យសោះ? ទំនិញរាល់ថ្ងៃ គឺយកលុយទិញ មិនមែនបេះស្លឹកឈើទិញនោះទេ។

លោកស្រី ចេន សុភាព លើកឡើងបន្តថា សព្វថ្ងៃនេះ អាជីវករ សហគ្រិន ម្ចាស់អាជីវកម្មតូចធំហ្នឹងហើយ ដែលចេញជួយច្រើនបំផុត គ្រប់ពេលមានសង្គ្រាម ហើយស្នើឱ្យម្ចាស់ផេកធំៗ MMO និងបងប្អូនមួយចំនួនែលមិនមែនជាអាជីវករ បើកចិត្ត គិតឱ្យដល់ យល់ឱ្យស៊ីជម្រៅ ទើបអាចជួយគ្នាបាន។

ជាចុងក្រោយ​ ម្ចាស់សហគ្រាសកីតម្បាញខ្មែររូបនេះ បានសង្កត់ធ្ងន់ថា «សេដ្ឋកិច្ចសំខាន់ណាស់ បើសេដ្ឋកិច្ចមិនខ្លាំង មិនអាចជួយជាតិនោះទេ បងៗវីរៈកងទ័ពពូកែប្រយុទ្ធ យើងប្រជាជនត្រូវខ្លាំងផ្នែកសេដ្ឋកិច្ច ដើម្បីទៅជួយសង្គមវិញ។ កុំចាញ់សង្គ្រាមចិត្តសាស្ត្រ និងកុំចាញ់ការបំផុសបំផុលដែលមិនសមហេតុផល»៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោកស្រី ចេន សុភាព