កម្ពុជា មានស្ដុកប្រេង និងឧស្ម័នគ្រប់គ្រាន់ ដើម្បីធានាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រទេសកម្ពុជា មានស្ដុកប្រេង និងឧស្ម័នគ្រប់គ្រាន់ ដើម្បីធានាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីយោធាថៃ កាលពីពេលថ្មីៗនេះ បានចេញបញ្ជាឱ្យបិទច្រកឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារយោធា ដែលប្រទេសថៃបានចោទប្រកាន់ថា បានដឹកចូលក្នុងប្រទេសកម្ពុជា។

ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះថា តាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គនាយកដ្ឋានប្រេងកាតបានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយប្រេងនិងឧស្ម័នឥន្ធនៈ។

ឯកឧត្ដម បានបញ្ជាក់ថា «កម្ពុជាមានសន្និធិប្រេង និងឧស្ម័នឥន្ធនៈ ដែលមានស្រាប់ក្នុងស្រុក ប្រភពនាំចូល និងមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការធម្មតារៀងរាល់ថ្ងៃ របស់ប្រជាពលរដ្ឋ»។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថា ប្រទេសកម្ពុជា មិនខ្វះទេសន្និធិប្រេងឥន្ធនៈ ហើយការនាំចូលបច្ចុប្បន្ន ក៏មិនដែលឆ្លងកាត់ដែនសមុទ្រថៃដែរ។

ចំណែកឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះដែរថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកគេទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។

ឯកឧត្ដម បានបន្តថា «កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ»៕


អត្ថបទ៖ វីរៈ​ រូបភាព៖ ឯកឧត្តម សុខ ខាវ៉ាន់