អ្នកជំនួញក្នុងស្រុក ៦រូប ចុះ MOU បង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រដើម្បីការអភិវឌ្ឍ និងការរីកចម្រើនធុរកិច្ច

អ្នកជំនួញក្នុងស្រុកចំនួន ៦រូប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដើម្បីការអភិវឌ្ឍ និងការរីកចម្រើន ដោយកិច្ចសហការនេះមានគោលបំណងចម្បង ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់និរន្តរភាពធុរកិច្ច បង្កើនឱកាសការងារ មុខរបរសមរម្យ ស្ថិរភាពចំណូល និងសមត្ថភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា។

តាមដានជាមួយយើង៖ Million Times

អ្នកជំនួញទាំង ៦រូបនោះ រួមមាន៖ ឧកញ៉ា ប៉ិច បូឡែន តំណាងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន, ឧកញ៉ា សុខ ពិសិដ្ឋ តំណាងក្រុមហ៊ុន GGear Group Co., Ltd, ឧកញ៉ា គួច ផេង តំណាងក្រុមហ៊ុនAGL (Cambodia) Co., Ltd., ឧកញ៉ា ស គីណាល់ តំណាងក្រុមហ៊ុន Aplus Consulting Co., Ltd., ឧកញ៉ា កែវ សុខា តំណាងក្រុមហ៊ុន 121 Shoppe Co., Ltd. និងលោក ចាន់ វាសនា តំណាងក្រុមហ៊ុន APV (Cambodia) Co., Ltd.។

ឧកញ៉ា ប៉ិច បូឡែន បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជំនាញឱ្យកាន់តែប្រសើរ លឿន និងរហ័ស លើសពីទំនាក់ទំនងជាបងប្អូន ដែលធ្លាប់មានស្រាប់។

ចំណែកឧកញ៉ា សុខ ពិសិដ្ឋ បានរំលេចពីអត្ថប្រយោជន៍បន្ថែមថា សម្ព័ន្ធភាពនេះជាយន្តការមួយដែលជួយគាំទ្រ និងពង្រឹងសមត្ថភាពដល់គណៈគ្រប់គ្រង និងបុគ្គលិកជំនាញរបស់ក្រុមហ៊ុនទាំងអស់ ឱ្យអាចរៀនសូត្រពីគ្នា ស្គាល់គ្នាបានស៊ីជម្រៅ និងយល់ពីគ្នា។ ឧកញ៉ារូបនេះ ក៏រំពឹងទុកថា ក្រោយពីការបណ្តុះបណ្តាលរួមគ្នា បុគ្គលិកនឹងមានសមត្ថភាព និងធ្វើការប្រកបដោយវិជ្ជាជីវៈ (Professional) និងគោរពតាមគោលការណ៍ក្របខណ្ឌគតិយុទ្ធនានា បានកាន់តែប្រសើរជាងមុន។

ជារួមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺផ្តើមចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធ នៃថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំង ៦ ដែលបានបោះជំហានដ៏សំខាន់មួយទៀតក្នុងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការវិនិយោគ និងអភិវឌ្ឍធនធានមនុស្ស។ កិច្ចសហការនេះ ក៏ត្រូវបានរំពឹងទុកថា នឹងបង្កើតបាននូវកម្លាំងពលកម្មមួយដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងតំបន់ និងសកលលោក ព្រមទាំងធានានូវភាពរឹងមាំ និងភាពរីកចម្រើនរបស់ក្រុមហ៊ុនដៃគូទាំងអស់៕

អត្ថបទ៖ វីរៈ រូបភាព៖ ឧកញ៉ា ប៉ិច បូឡែន