វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុងមានមកលើសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់នាយិកាធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា។

ធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានផ្សព្វផ្សាយថា សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន ៤,៨ភាគរយ គឺធ្លាក់ចុះពី ៦ភាគរយ នៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈមក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយកំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច ទៅថ្ងៃមុខ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញដោយធនាគារពិភពលោក សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ជម្នះការប្រឈម (Coping with Shocks)» ធ្វើការពិនិត្យមើល ថាតើការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈដែលភាពតានតឹងនៅតាមព្រំដែន បានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។
លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។

លោកស្រី បន្ថែមថា វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកដែលទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការចាំបាច់ណាស់។ ជាមួយគ្នានេះ ការកែលម្អបរិយាកាសអាជីវកម្ម ការជួយដល់សហគ្រាសក្រៅប្រព័ន្ធ និងការបង្កភាពងាយស្រួលសម្រាប់អាជីវកម្មចុះបញ្ជីផ្លូវការ គឺមានសារៈសំខាន់ណាស់ដើម្បីពង្រីកសក្តានុពលកំណើន បង្កលក្ខណៈស្មើភាពសម្រាប់ការធ្វើអាជីវកម្ម និងបង្កើតការងារ ដែលមានគុណភាពកាន់តែប្រសើរឡើង។
ធនាគារពិភពលោក បានលើកឡើងថា ប្រទេសកម្ពុជា បានមកដល់ដំណាក់កាលមានសម្ពាធខ្លាំង ដោយនាំមកជាមួយនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានទ្រនាប់ការពាររឹងមាំគួរសម ដោយក្នុងនោះទុនបម្រុងអន្តរជាតិនៅតែមានភាពល្អប្រសើរ ដែលអាចធានាការនាំចូលបានប្រមាណ ៧,៥ ខែ ខណៈដែលបំណុលសាធារណៈមានកម្រិតទាប គឺប្រហែល ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។
ចំណែកឯអតិផរណា នៅស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យម ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបាន ២,៣ ប៊ីលានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ កើនឡើង ២៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ដែលជួយប៉ះប៉ូវដល់អតុល្យភាពនៅខាងក្រៅបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រដ្ឋាភិបាលត្រូវបានរំពឹងថានឹងមិនកើនទេ ដោយសារតម្រូវការប្រើប្រាស់ខ្សោយជាងមុន ហើយឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរីកកាន់តែធំ។
បើតាមធនាគារពិភពលោក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ របាយការណ៍បានលើកឡើងនូវវិធានការបន្ទាន់មួយចំនួន ដូចជាការផ្តល់ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកដែលបានត្រឡប់មកវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុក។ កំណែទម្រង់រយៈពេលមធ្យម គួរតែផ្តោតលើការកាត់បន្ថយថ្លៃដើមក្នុងការធ្វើអាជីវកម្ម ការកែលម្អលទ្ធភាពឱ្យសហគ្រាសខ្នាតតូច អាចទទួលបានហិរញ្ញវត្ថុយកធ្វើដើមទុន និងការសម្រួលពាណិជ្ជកម្ម និងភស្តុភារ តាមរយៈឌីជីថលូបនីយកម្ម៕
អត្ថបទ៖ វីរៈ រូបភាព៖ World Bank Cambodia


