ក្រៅពីបរិច្ចាគថវិកា ២លានដុល្លារហើយនោះ, នៅថ្ងៃនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសចែកជូនស៊ីមសែលកាតចំនួន ១០ម៉ឺនស៊ីមបន្ថែមទៀត ដោយឥតគិតថ្លៃ និងភ្ជាប់ជាមួយគម្រោង ១ដុល្លារ ជូនដល់បងប្អូនជនភៀសសឹក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូនេះ អ្នកជំនួញខ្មែរដ៏ជោគជ័យរូបនេះ បានបង្ហោះថា «បងប្អូនខ្មែរមិនឯកាទេ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅទីនេះជាមួយជាមួយពលរដ្ឋខ្មែរគ្រប់ស្ថានភាព ដើម្បីតបស្នងនូវការគាំទ្ររបស់បងប្អូនខ្មែរកន្លងមក ក៏ដូចជារួមចំណែកជួយដល់ជនភៀសសឹកអាចរក្សាទំនាក់ទំនងបានយ៉ាងងាយស្រួល ក្រុមហ៊ុនខ្មែរ រ៉ូយ៉ាល់ គ្រុប សូមចែកជូន 100,000 សែលកាត ស៊ីម ភ្ជាប់ជាមួយនឹងគម្រោង cellcard AO MOBILE $1 ដោយឥតគិតថ្លៃ ដល់បងប្អូនជនភៀសសឹក»។

អ្នកឧកញ៉ា គិត ម៉េង បានសរសេរបន្តថា ក្នុងនាមជាក្រុមហ៊ុនខ្មែរជាមួយស្មារតីមោទនភាពជាខ្មែរ រ៉ូយ៉ាល់ គ្រុប សង្ឃឹមថា ការរួមចំណែកមួយនេះនឹងជួយសម្រាលការលំបាករបស់ជនភៀសសឹក និងជួយផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់បានដោយសុវត្ថិភាព។
កាលពីថ្ងៃទី១០ ខែធ្នូ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានចូលរួមបរិច្ចាគថវិកាចំនួន ២លានដុល្លារ ដើម្បីជួយទំនុកបម្រុងដល់បងប្អូនជនរួមជាតិ ដែលជាជនភៀសសឹកដោយសារជម្លោះព្រំដែនថ្មីៗនេះ។
អ្នកឧកញ៉ា លើកឡើងថា ការបរិច្ចាគនេះ ធ្វើទ្បើងប្រកបដោយអត្ថន័យស្របពេលទៅនឹងទិវាសិទ្ធិមនុស្សអន្តរជាតិ ជាថ្ងៃដែលរំឭកយើងអំពីគុណតម្លៃជាសកលនៃសេចក្តីថ្លៃថ្នូរ ក្តីមេត្តា និងសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការរស់នៅដោយសុខសុវត្ថិភាព។
ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រូបនេះ លើកឡើងបន្តថា ប្រទេសកម្ពុជា ចង់បានសន្តិភាព មិនមែនសម្រាប់តែថ្ងៃនេះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ «យើងឈរយ៉ាងរឹងមាំជាមួយមាតុប្រទេសរបស់យើង រួបរួមគ្នាជាប្រជាជាតិតែមួយ ហើយយើងជឿជាក់ថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សុខដុមរមនា និងក្តីសង្ឃឹម។ សូមឲ្យការខិតខំប្រឹងប្រែងរួមគ្នារបស់យើងជួយសម្រាលទុក្ខលំបាក ពង្រឹងសាមគ្គីភាព និងជួយបង្កើតអនាគតមួយប្រកបដោយសន្តិភាព ចៀសផុតពីអធិករណ៍»។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា គិត ម៉េង៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកអ្នកឧកញ៉ា គិត ម៉េង


