ក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance នឹងចូលរួមផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការអប់រំផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោក Jeffrey Chew នាយកប្រតិបត្តិរបស់ក្រុមហ៊ុន។

ការបញ្ជាក់នេះ គឺនៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
លោក Jeffrey Chew បានលើកឡើងថា «ក្រុមហ៊ុយល់ឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានសក្តានុពលសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងមានបំណងផ្តល់ការធានារ៉ាប់រង សេវាហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការការពារកាន់តែប្រសើរ»។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍គាំទ្ររបស់ក្រុមហ៊ុន ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតក្នុងចំណោមក្រុម ដែលងាយរងផលប៉ះពាល់នៅក្នុងសេដ្ឋកិច្ច។
ឯកឧត្ដម បានបន្ថែមថា ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងក្លាយជាក្រុមហ៊ុនឯកជនទីពីរ ដែលចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញការចុះឈ្មោះ និងផ្តល់អត្ថប្រយោជន៍ថ្មីៗបន្ថែមទៀត សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គួរឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺផ្តល់សេវាគាំទ្រ ដែលមានដូចជាការធានារ៉ាប់រងម៉ូតូសម្រាប់ភាគីទីបី និងការផ្តល់សេវាធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ព្រមទាំងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


