កម្ពុជា-វៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់ជាង ៦លានតោន ក្នុង​រយៈពេល ៥ឆ្នាំ

ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ជាង ៦លានតោន ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ក្នុង​រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥ ខែធ្នូនេះ។

តាមដានជាមួយយើង៖ Million Times

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ឯកឧត្តម រាជ រ៉ា និងឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅនេះ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ទៅចូលរួមសន្និសីទជំរុញពាណិជ្ជកម្ម នាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ លើការទិញ-លក់ដំឡូងមីពីកម្ពុជា។

បើតាមក្រសួងពាណិជ្ជកម្ម តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។

ចំណែកការិយាល័យពាណិជ្ជកម្មកម្ពុជា ក្នុងទីក្រុងហូជីមិញ បានឱ្យដឹងបន្ថែមថា គោលបំណងក្នុងពិធីនេះ រួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ និងការប្រើប្រាស់ដំឡូងមីស្រស់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងរោងចក្រផលិតម្សៅដំឡូងមីនៅខេត្តតៃនីញ, ធានាស្ថិរភាពវត្ថុធាតុដើមសម្រាប់រោងចក្រម្សៅដំឡូងមី និងបង្កើនតម្លៃបន្ថែមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការចែករំលែកព័ត៌មានទីផ្សារ និងការលើកកម្ពស់តំបន់ដាំដុះដំឡូងមីប្រកបដោយចីរភាព។

ពិធីចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់នេះ គឺជាចំណុចសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា–វៀតណាម ពិសេសក្នុងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃដំឡូងមី ដើម្បីលើកកម្ពស់ជីវភាពកសិករ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម