កម្ពុជាដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ ២០២៦តទៅ ដោយល្បឿនលឿនជាងសេវា 4G ១០ដង

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី ៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ ២០២៦តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

តាមដានជាមួយយើង៖ Million Times

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺអត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា រួមមាន៖ ល្បឿនទិន្នន័យលឿនបំផុត ដោយលឿនជាងសេវា 4G ដល់ទៅ ១០ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន ហើយរយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង និងបណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជាការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។

ម្យ៉ាងទៀត ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន ដោយសេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម ហើយជំរុញឧស្សាហកម្ម និងស្នូលអេកូឡូស៊ីឌីជីថល ដោយសេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។

លើសពីនេះទៀត សេវា 5G នេះ ក៏លើកកម្ពស់សេវាសាធារណៈ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន ហើយក៏ពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ ដោយសេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះ សម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។

គួរឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រ ក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី ៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍