ធនាគារពិភពលោក បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ នេះជាការលើកឡើងរបស់លោកស្រី ម៉ារីយ៉ាម សើរមែន នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅនេះ។

ក្នុងជំនួបនេះ លោកស្រី ម៉ារីយ៉ាម សឺរមែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នាពេលកន្លងមក ហើយបានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ ២០២៥-២០២៩ (Country Partnership Framework CPF 2025-2029)។
លោកស្រី ក៏បានរាយការណ៍អំពីការវិភាគថ្មី “Country Growth and Jobs Report” ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផលសម្រេចបាននាពេលកន្លងមក ក៏ដូចជាវាយតម្លៃអំពីកំណើន និងការងាររបស់ប្រទេសជាសមាជិក រួមទាំងកម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍ដ៏ចម្បងរបស់ធនាគារពិភពលោក។

ជាការឆ្លើយតប ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនាសម្ព័ន្ធ តាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation) ដើម្បី ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។

សម្រាប់ឆ្នាំ ២០២៦ខាងមុខនេះ, កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារអាមេរិក ហើយគ្រោងនឹងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើវិស័យគន្លឹះដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័ស ទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេសបន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យ ថាមពល: និង ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការអភិវឌ្ឍមនុស្ស ជាដើម៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសេដ្ឋកិច្ច


