ក្រុមហ៊ុនអាមេរិក មានគម្រោងពង្រីកប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ថែមទៀត

ក្រុមហ៊ុនអាមេរិក មានគម្រោងពង្រីកប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាថែមទៀត ដោយសារកត្តាអំណោយផលនៃគោលនយោបាយគាំទ្រធុរកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់សមាជិកគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) នៅក្នុងជំនួបជាមួយលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំថែមទៀត។ ការកិច្ចពិភាក្សា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាព ក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជា ឱ្យបានកាន់តែច្រើន។

នៅក្នុងជំនួបនេះ ឯកឧត្តម Ted Osius នាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC បានលើកឡើងពីកត្តាអំណោយផលនៃគោលនយោបាយគាំទ្រធុរកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។

ក្នុងនោះដែរ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាងក្រុមហ៊ុនអាមេរិកធំៗកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និងបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជា ដែលតែងផ្ដល់កិច្ចសហការនិងការគាំទ្រនាពេលកន្លងមក។

ជាការឆ្លើយតប លោកជំទាវ ជា សិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយបានលើកឡើងពីសារៈសំខាន់នៃការសន្ទនា ដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួមទាំងវិនិយោគិនសហរដ្ឋអាមេរិក។

លោកជំទាវ ក៏បានលើកឡើងពីបទពិសោធជោគជ័យ នៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាមេរិកពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាឱកាសក្នុងការបង្កើនកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។ នាឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈម និងទស្សនវិស័យសេដ្ឋកិច្ជកម្ពុជាផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា