គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងបញ្ចប់តាមផែនការ ខណៈបច្ចុប្បន្នសម្រេចបាន ៥៣ភាគរយហើយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសារធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៣ភាគរយហើយ និងគ្រោងបញ្ចប់តាមផែនការនៅឆ្នាំ២០២៧ខាងមុខ។

តាមដានជាមួយយើង៖ Million Times

តាមរយៈគណនីហ្វេសប៊ុក ឯកឧត្ដម ផន រឹម បានបង្ហោះឱ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥​នេះ គឺជាថ្ងៃចុងក្រោយ នៃការរំកិលធ្នឹមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ឆ្លងកាត់ធ្វើជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើរការរំកិលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែក្រោម បានចាប់ផ្តើមពីថ្ងៃទី ២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។

អ្នកនាំពាក្យក្រសួងសារធារណៈការ បានឱ្យដឹងបន្តថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៣ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្ដម ផន រឹម ​បានឱ្យដឹងទៀតថា តាមប្រតិទិនការដ្ឋាន បានស្តែងឱ្យឃើញថា ដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។

បើតាមអ្នកនាំពាក្យរូបនេះ ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ, ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ផងដែរ៕  

អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្ដម ផន រឹម