អ្នកឧកញ៉ា គិត ម៉េង មានមោទនភាពចំពោះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលគាំទ្រការប្រគំតន្ត្រី “Rise for Khmer”

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពចំពោះក្រុមហ៊ុនរបស់ខ្លួនដែលបានចូលរួមគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥នេះ។

តាមដានជាមួយយើង៖ Million Times

ការមានមោទនភាពយ៉ាងដូច្នេះ គឺខណៈដែលសមាគមសិល្បករខ្មែរ ក្រុមហ៊ុន Baramey Production និង Sabay Events Production (បារាំង) បានរួមគ្នាប្រកាសជាផ្លូវការពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer» ដែលនឹងប្រព្រឹត្តនៅសាល​ Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង​នាថ្ងៃទី ១ ខែធ្នូ ២០២៥នេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០​ ខែវិច្ឆិកា អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា សម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ការគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្វើការយ៉ាងសស្រាក់សស្រំា ដើម្បីលើកស្ទួយប្រទេសកម្ពុជា ក្នុងនោះមានដូចជា ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ការពង្រឹងវត្តមានវប្បធម៌របស់យើងនៅក្រៅប្រទេស។

មហាសេដ្ឋីរូបនេះ ជឿថា នៅពេលដែលសិល្បៈខ្មែរត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិ សកម្មភាពបែបនេះឆ្លុះបញ្ចាំងពីបេសកកម្ម ដូចគ្នាទៅនឹងចក្ខុវិស័យក្រុមហ៊ុនរបស់រ៉ូយ៉ាល់ គ្រុប ដែរ គឺឯកភាព សន្តិភាព និងមោទនភាពជាតិ។

បន្ថែមលើនេះ អ្នកឧកញ៉ា បានបន្ថែមថា «ខ្ញុំក៏ជឿដែរថា វប្បធម៌ គឺជាសសរស្តម្ភមួយនៃការកសាងជាតិឱ្យរឹងមាំ ហើយនៅពេលយើងធ្វើការរួមគ្នា ប្រជាជនកម្ពុជាអាចធ្វើឱ្យប្រជាជន នៅលើពិភពលោកស្ញប់ស្ញែង។ សមិទ្ធផល ឬជោគជ័យដ៏អស្ចារ្យជាងគេបំផុតនោះ គឺកើតចេញពីការធ្វើការរួមគ្នារបស់យើង ក្នុងនាមជាប្រជាជាតិមួយ»។

បើតាមអ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចូលរួមចំណែកធ្វើឱ្យការរស់នៅ របស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ប្រសើរទ្បើងជារៀងរាល់ថ្ងៃ ហើយយើងក៏បន្តមានមោទនភាពក្នុងនាមជាក្រុមហ៊ុនខ្មែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិនត្រឹមតែវិនិយោគលើធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តគាំទ្រ និងលើកស្ទួយប្រជាពលរដ្ឋយើង វប្បធម៌ អ្នកមានទេពកោសល្យ និងការងារអភិវឌ្ឍរបស់យើងទៅថ្ងៃអនាគត ទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ សមាគមសិល្បករខ្មែរ