កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ ក្នុងរយៈពេល ១០ខែ

ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ ២០២៥នេះ ដោយភ្ញៀវទេសចរចិនឈរលំដាប់ថ្នាក់ទី១។ នេះបើយោងតាមខ្លឹមសារព័ត៌មាន ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។  

តាមដានជាមួយយើង៖ Million Times

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍​​កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort។

នៅក្នុងវេទិកាទេសចរណ៍ ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការចូលរួមដ៏ផុសផុល និងពីគ្រប់តំបន់នៃប្រទេសចិន និងកម្ពុជាដើម្បីរួមគ្នាគិត និងរួមគ្នាធ្វើឱ្យជាក់ស្តែងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន ដើម្បីជាប្រយោជន៍រួមគ្នា និងការពង្រឹងពង្រីក ការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។

តាមរយៈស្ថិតិទេសចរណ៍ រយៈពេល១០ខែ ក្នុងឆ្នាំ ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍