សហគមន៍ធុរកិច្ចឌូបៃ៖ កម្ពុជាមានសក្តានុពលលើវិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិក

សហគមន៍ធុរកិច្ចឌូបៃ សម្លឹងឃើញថា ប្រទេសកម្ពុជា មានសក្តានុពលលើវិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិក ជាដើម។ នេះជាការលើកឡើងរបស់អនុប្រធានសភាពាណិជ្ជកម្មឌូបៃ ក្នុងវេទិកាធុរកិច្ចជាមួយគណៈប្រតិភូឌូបៃ ស្តីពី «ការធ្វើធុរកិច្ចនៅកម្ពុជា» នាថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅរាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

វេទិកានេះធ្វើឡើងស្របពេលនឹងដំណើរទស្សនកិច្ចធុរកិច្ចរបស់ក្រុមហ៊ុនធំៗនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមចំនួន ១៦ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ។ ក្នុងនោះ ក៏មានការរៀបចំជាជំនួបពាណិជ្ជកម្មមួយទល់មួយ (B2B) រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនឌូបៃ ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងស្វែងរកដៃគូសហការសក្តានុពលលើវិស័យ ដែលមានកំណើនខ្ពស់ផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងថា ការវិនិយោគនៅកម្ពុជា មិនមែនសំដៅលើតែទីផ្សារក្នុងស្រុកដែលមានប្រជាជន ១៧លាននាក់ប៉ុណ្ណោះទេ តែកម្ពុជាជាច្រកទ្វារដ៏សំខាន់ទៅកាន់ទីផ្សារអ្នកប្រើប្រាស់ ៦៨០ លាននាក់ នៅក្នុងតំបន់អាស៊ានទាំងមូល ហើយកម្ពុជាជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារយុទ្ធសាស្ត្រ។

អ្នកឧកញ៉ា បានលើកទឹកចិត្តដល់វិនិយោគិនឌូបៃ ឱ្យចាប់យកឱកាសវិនិយោគលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ ទេសចរណ៍ ថាមពល ធនាគារនិងហិរញ្ញវត្ថុ ឌីជីថល និងមូលធនមនុស្ស ជាដើម។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តធុរជនទាំងពីរប្រទេស ឱ្យប្រើប្រាស់វេទិកាធុរកិច្ចនេះដើម្បីស្វែងរកដៃគូសហការ និងគម្រោងអនុវត្តជាក់ស្តែង ដោយសភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងជួយសម្របសម្រួលធុរជនឌូបៃ ឈានចូលទីផ្សារកម្ពុជា។

ចំណែកលោក សាឡឹម អាល់ ហ្សាមស៊ី (Salem Al Shamsi) អនុប្រធានសភាពាណិជ្ជកម្មឌូបៃ បានគូសបញ្ជាក់ថា ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងឌូបៃ បាននិងកំពុងបន្តរីកចម្រើនជាលំដាប់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម មានប្រមាណជិត ៤០០ លានដុល្លារ។ លោកបានគូសបញ្ជាក់ថា ឌូបៃគឺជាច្រកទ្វារទៅកាន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូង។

ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា សម្រាប់សហគមន៍ធុរកិច្ចឌូបៃ កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពលើច្រើនវិស័យ រួមមានដូចជា៖ វិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិកជាដើម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូបៃនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគផ្សេងទៀត និងបរិយាកាសធុរកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនកម្ពុជាជាង ៣០ ក្រុមហ៊ុន កំពុងវិនិយោគ និងធ្វើប្រតិបត្តិការនៅឌូបៃ ក្នុងវិស័យអចលនទ្រព្យ វិស័យលក់ដុំនិងលក់រាយ និងសេវាកម្មសង្គម។ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅឌូបៃរួមមាន៖ អង្ករ សម្លៀកបំពាក់ សង្ហារឹម ផលិតផលក្តារបន្ទះកៀប គ្រឿងម៉ាស៊ីន ចង្រ្កាន និងបារី។ គណៈប្រតិភូឌូបៃ មានចំណាប់អារម្មណ៍ធ្វើពិពិធកម្មទៅលើវិស័យផ្សេងទៀត រួមមាន៖ វិស័យថាមពល មជ្ឈមណ្ឌលទិន្នន័យ និងវិស័យលក់រាយ ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា