ក្រសួងការងារ បដិសេធរបាយការណ៍ចេញដោយអង្គការ Human Rights Watch

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធទាំងស្រុងចំពោះរបាយការណ៍មិនពិត របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដែលថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញកំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ»។

តាមដានជាមួយយើង៖ Million Times

សេចក្ដីបដិសេធរបស់ក្រសួងការងារ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ក្រៅពីបដិសេធហើយនោះ ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចេញរបាយការណ៍នេះ និងបានចាត់ទុកថា ជារបាយការណ៍គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមូលបង្កាច់ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។

បើតាមក្រសួងការងារ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំមណ្ឌលសំចត, ផ្តល់មធ្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ, ជួយលើកសម្ភារៈ, ផ្តល់ទឹកសុទ្ធ និងអាហារសម្រន់, ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យារពេលក្នុងការសង។

បន្ថែមលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បង្កើតយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” តាមរយៈការជួយគ្នាចុះឈ្មោះរកការងារធ្វើតាមប្រព័ន្ធទូរសព្ទលេខ ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា អាចជួយចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករ ដោយមិនបាច់ចំណាយពេល ធ្វើដំណើរទៅកន្លែងណាមួយដើម្បីចុះឈ្មោះ។

ម្យ៉ាងទៀត ក្រសួងការងារ ក៏បានរៀបចំវេទិកាការងារភ្លាមៗនៅតាមឃុំ ដែលមានចំនួនបងប្អូន ពលករវិលមកវិញច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះទៅសម្ភាសការងារផ្ទាល់ នៅតាមឃុំតែម្តងសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរជំនាញដល់បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិ ឃុំ។

ក្រសួងការងារ បានបញ្ជាក់ថា ជាលទ្ធផល បងប្អូនពលករបានទទួល ការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង ២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការងារ