ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រី បានសម្របសម្រួលដោះស្រាយបញ្ចប់នូវបញ្ហាវិវាទរវាងអតិថិជន ជាមួយម្ចាស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូត៍ ខុនដូ និងផ្សារ នៅទូទាំងប្រទេសចំនួន ១១៥គម្រោង។ ក្នុងនោះដែរ ក៏មាន ៤គម្រោង ត្រូវបានបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួង បានទទួលសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋដែលជាអតិថិជន របស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូត៍ ខុនដូ និងផ្សារ នៅទូទាំងប្រទេសសរុបចំនួន ១៧៦គម្រោង។

ប្រភពដដែល បានឱ្យដឹងថា បន្ទាប់ពីបានទទួលសំណើទាំងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសិក្សា ប្រមូលព័ត៌មាន និងទិន្នន័យក្បាលដី ធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធ ព្រមទាំងអញ្ជើញភាគីអតិថិជន, ម្ចាស់គម្រោង, ម្ចាស់ដី, ម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀត មកប្រជុំសម្របសម្រួលដោះស្រាយ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំសម្របសម្រួលដោះស្រាយនេះ គឺឈរលើស្មារតីយោគយល់ អនុគ្រោះគ្នា និងគោលការណ៍ឈ្នះឈ្នះ ប៉ុន្តែធានា បាននូវសមធម៌ គុណធម៌ និងយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួង បានសម្របសម្រួលដោះស្រាយបញ្ចប់ ១១៥គម្រោង ហើយបញ្ជូនទៅស្ថាប័នតុលាការចំនួន ៤គម្រោង។ ចំណែកគម្រោងចំនួន ៥៧ផ្សេងទៀត កំពុងបន្តសម្របសម្រួលដោះស្រាយ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី


