ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រេចបានវឌ្ឍនភាពជាង ៣៦ភាគរយ ហើយ។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ឯកឧត្តម ផន រឹម បានឱ្យដឹងបន្តថា កំណាត់ចុងក្រោយ ផ្លូវជាតិលេខ ៥នេះ បាននិងកំពុងេពន្លឿនដំណើការសាងសង់ បន្ទាប់ពីទឹកភ្លៀងបានថមថយ ដោយគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) សម្រចលទ្ធផលជារួម ៣៦,៧ភាគរយ ហើយ។

គួរឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ចុងឆ្នាំ ២០២៦ខាងមុខ។

តាមរយៈបណ្ដាញសង្គមដដែល អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សូមប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ម្យ៉ាងទៀត ការបើកបរក្នុងល្បឿនសមល្មម អាចកាត់បន្ថយការហុយធូលីលើប្រជាពលរដ្ឋ នៅតាមដងផ្លូវ។

ក្នុងនោះដែរ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ផន រឹម


