ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) លើកឡើងថា ប្រទេសកម្ពុជា មានបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless Framework) ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ការលើកឡើងនេះ គឺក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្ដីពី ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ក្នុងរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ។

នៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាមានបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless Framework) ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដើម្បីសម្រេចគោលដៅនេះ យើងចាំបាច់ត្រូវពាំនាំការជឿទុកចិត្តនេះទៅពិភពឌីជីថល។

ឯកឧត្ដម បានបន្ថែមថា ក្នុងន័យនេះ ក.ប.ទ. បានខិតខំអភិវឌ្ឍថ្នាលឌីជីថល ដែលអាចកាត់បន្ថយការប្រើប្រាស់ក្រដាស ប្រកបដោយភាពជឿទុកចិត្តចំនួន ២ គឺថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ Verify.gov និងថ្នាលផ្ទុកឯកសារសាធារណៈ Go.gov.kh។ ឯកឧត្ដម បានបញ្ជាក់ថា «ក្នុងពេលខាងមុខ ក្រសួង គ្រោងនឹងគោរពសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលមួយទៀតគឺហត្ថលេខាឌីជីថល (Digital Signature)»។

ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងដែរថា ថ្នាល verify ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអាស៊ានមួយចំនួន ក្នុងនោះហ្វីលីពីន បានរៀនសូត្រពីថ្នាលនេះ ដើម្បីអភិវឌ្ឍថ្នាល verify ដូចនឹងកម្ពុជា ដោយបានដាក់ឱ្យប្រើប្រាស់លើអត្តសញ្ញាណបណ្ណឌីជីថល បានចំនួនជាង ៩០លានបណ្ណ ហើយត្រូវបានប្រតិបត្តិការដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរហូតដល់ជាង ១៦៤លានដង ក្នុងរយៈពេលដ៏ខ្លី៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍


