ក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ (Vattanac Legends Championship) ដែលជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ។

បើតាមអ្នកឧកញ៉ា ការប្រកួតកម្រិតអន្តរជាតិ និងជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏អស្ចារ្យនេះ នឹងមានការចូលរួមពីកីឡាករអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស (អាហ្សង់ទីន, បារាំង, ស៊ុយអ៊ែត, អេស្ប៉ាញ, ហូឡង់, អៀរឡង់, ស្កុតលែន, ឥណ្ឌា, ណូវែលសេឡង់, ប្រេស៊ីល, អូទ្រីស, អង់គ្លេស, អាល្លឺម៉ង់, សាធារណរដ្ឋអាហ្រិចខាងត្បូង, អៀរឡង់ខាងជើង និងអ៊ីតាលី)។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ក៏ដូចជា វឌ្ឍនៈ គ្រុប ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ទេសចរណ៍ ពិព័រណ៍ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍ ក៏ដូចជាបានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជាជាគោលដៅសុវត្ថិភាព, មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship និងផ្តល់កិច្ចសហការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខនេះ ឱ្យបានជោគជ័យ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍


