ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួង កំពុងបណ្ដុះផ្នត់គំនិតប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិ ឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការលើកឡើងនេះ បានធ្វើឡើងក្នុងកម្មវិធីបណ្ដុះបណ្ដាលផ្នត់គំនិតស្ថាបត្យកម្មគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជានិងការសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុលើវិស័យរបស់ខ្លួន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញអំពីវីរៈភាពក្នុងការបំពេញកិច្ចការងារជាច្រើននារយៈពេលជាង ២ឆ្នាំក្នុងអាណត្តិទី៧នេះ ដើម្បីរួមចំណែកជំរុញឱ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរ។

ឯកឧត្តម លើកឡើងថា បច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិ ឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មី តាមរយៈស្ថាបត្យកម្ម។ ជាមួយនេះ ដើម្បីកសាងការឯកភាពជាតិលើកិច្ចការស្ថាបត្យកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា មានចម្រៀងមួយចំនួនដូចជា (១) ពង្សាវតាខ្មែរ ដែលបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលយើងធ្លាប់មាន,អ្វីដែលយើងធ្លាប់បានបាត់បង់និងអ្វីដែលយើងចង់បានត្រឡប់មកវិញ, (២) ឱ!ភ្នំពេញអើយ បានបង្ហាញឱ្យឃើញអំពីផេះផង់គំនរឆ្អឹងថ្លុកឈាមនៃសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍និងការសម្លាប់មនោសញ្ចេតនារបស់មនុស្ស, និង (៣) ភ្នំដងរែក ដែលទាំងនេះសុទ្ធសឹងជាបទចម្រៀងមានអត្ថន័យជ្រាលជ្រៅជួយបណ្ដុះផ្នត់គំនិតអប់រំដ៏ល្អសម្រាប់ស្ថាបត្យករ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគារក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀត ដែលកសាងឡើងនាពេលបច្ចុប្បន្ននេះ គឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញនៃស្ថាបត្យកម្មខ្មែរ នាសហសម័យ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ដើម្បីកសាងស្ថាបត្យកម្មខ្មែរនាសហសម័យគឺទី១ យើងត្រូវចាប់ផ្ដើមលុបបំបាត់សំណង់មិនរៀបរយបន្តិចម្តងៗ ដោយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះ ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺនគ្រួសារ ដែលប្រៀបបានជាការជួយទាញប្រជាពលរដ្ឋទាំង៥០ម៉ឺនគ្រួសារនេះ ឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ, និងទី២ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាលិចទឹកតាមដងផ្លូវ ដោយកសាងចំណតយានយន្ត និងសួនច្បារទីធ្លាលំហរសាធារណ:តាមសាលារៀន ឬពង្រីកផ្លូវធ្វើដំណើរបន្ថែម។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា អនាគតរបស់ប្រទេសកម្ពុជា គឺអាស្រ័យលើការចូលរួមរបស់យើងទាំងអស់គ្នាក្នុងស្មារតីស្នេហាជាតិ ដូច្នេះដើម្បីប្រែក្លាយប្រទេសជាតិ ឱ្យកាន់តែល្អជាងមុនតាមរយៈស្ថាបត្យកម្ម គឺត្រូវរៀបចំកែលម្អបន្ទប់គេងឱ្យបានស្អាត បន្ទប់ទទួលភ្ញៀវស្អាត បន្ទប់ទឹកស្អាត និងចង្ក្រានបាយស្អាត។
ដោយឡែកនៅលើកិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យើងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជាដែលជាប្រទេសតូច ក្លាយជាភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋគ្រប់រូប មានលំនៅឋានរស់នៅសមរម្យ មានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានអាហារហូបចុកគ្រប់គ្រាន់, មានជីវិតលំហែ និងធ្វើឱ្យកម្ពុជាក្លាយជាទីដែលមនុស្សគ្រប់រូបមានក្តីប្រាថ្នា ចង់មករស់នៅទីនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី


