ឯកឧត្តម ស៊ូ សុជាតិ៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់។ ការលើកឡើងនេះ ស្របពេលដែលឯកឧត្ដមប្រតិភូ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

សិក្ខាសាលានេះ រៀបចំដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការជាមួយសាលារៀន វ៉េស្ទឡាញន៍ ដើម្បីបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានជោគជ័យ។

ម្យ៉ាងទៀត ក៏ដើម្បីឱ្យពួកគេចាប់ផ្តើមបណ្តុះទម្លាប់សន្សំ កត់ត្រា គ្រប់គ្រងការចំណាយឱ្យបានច្បាស់​លាស់ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសការត្រៀមខ្លួន ដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថល និងការស្វែងរកប្រាក់ចំណូលតាមរយៈទីផ្សារមូលបត្រ។

ក្នុងសិក្ខាសាលនេះ ឯកឧត្តម ស៊ូ សុជាតិ​ បានលើកឡើងថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ តាមរយៈការបណ្តុះទម្លាប់សន្សំ ការរៀបចំផែនការហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលបត្រ ដែលជាចន្ទល់ហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត។

ឯកឧត្ដមប្រតិភូ សង្កត់ធ្ងន់ថា «ការចាប់ផ្តើមបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន មិនត្រឹមតែអាចកាត់បន្ថយ ភាពតានតឹងផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះទេ ប៉ុន្តែវាជាកូនសោរដ៏សំខាន់ក្នុងការឈានទៅរកសេរីភាពហិរញ្ញវត្ថុនាពេល អនាគត»។

ចំណែកលោក តែ ឡាយ បានលើកឡើងថា អក្ខរកម្មហិរញ្ញវត្ថុ គឺមិនមែនជាការបង្រៀនអំពីលុយតែប៉ុណ្ណោះទេ។ ប៉ុន្តែជាការផ្តល់ឱ្យសិស្សានុសិស្សនូវសមត្ថភាព ក្នុងការគ្រប់គ្រងជីវិតហិរញ្ញវត្ថុរបស់ខ្លួន ដើម្បី ទទួលបានសេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលអនាគត៕

អត្ថបទ៖ វីរៈ រូបភាព៖ និយ័តករមូលបត្រកម្ពុជា