ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រោង​ដាំកូនដូងប្រេង១០ម៉ឺនដើម ជំនួសដើម​ដូងប្រេង​ចាស់​ហួស​អាយុ

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រោង​ដាំកូនដូងប្រេង១០ម៉ឺនដើម ដើម្បីជំនួសដើម​ដូងប្រេង​ចាស់​ហួស​អាយុ​ នៅលើផ្ទៃដី១ម៉ឺន ៦ពាន់ហិកតា។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា ម៉ុង ឫទ្ធី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំ​ក្រុមការងារ​កសិកម្ម​ និង កសិ-ឧស្សាហកម្ម​ ចុះពិនិត្យ​មើល​ដំណើរការ​សកម្មភាព​រោងចក្រ​កៀបយកប្រេងគ្រាប់ក្នុង​ផ្លែ​ដូងប្រេង​ ស្ថិតនៅតំបន់​អន្លង់ក្រពើ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ។

បើតាមអ្នកឧកញ៉ា រោង​ចក្រ​ចម្រាញ់​​កៀបយក​សាច់ក្រៅ​ផ្លែដូងប្រេង​​ មាន​កម្លាំង​ផលិត​៦០តោនក្នុងមួយ​ម៉ោង​ ហើយចំពោះតម្លៃ​ប្រេងដូង​ឆៅ​ឡើងចុះៗជា​ធម្មតា​ តែសម្រាប់​តម្លៃ​បច្ចុប្បន្ន​នេះគឺល្អ​។

បន្ទាប់មកអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​បានបន្តដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ថ្នាល​បណ្ដុះ​កូនដូងប្រេង​ចំនួន​១០០ ០០០ដើម​ ហើយដែលគ្រោងនឹងយកទៅដាំ ជំនួសដើម​ដូងប្រេង​ចាស់​ហួស​អាយុ​ នៅដើមរដូវវស្សា​ខែឧសភា​ ​ឆ្នាំ​២០២៦ខាងមុខនេះ​។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី លើកឡើងថា ការវិនិយោគ​ទៅលើការ​ដាំ និង​រោងចក្រ​កែច្នៃ​នេះ​ បានផ្តល់​ការងារ​មិនចេះរីងស្ងួត​ជូន​បុគ្គលិក​-កម្មករ​ដោយផ្ទាល់ ​និង​ដោយ​ប្រយោល​ប្រមាណ​​ជិត​១ម៉ឺននាក់​។

គេហទំព័រក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា ក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុន បានដាំដូងប្រេងបាន ៤៧៧ ហិកតា ហើយបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកការដាំដុះលើផ្ទៃដី ១៦ ០០០ហិកតា និងបានក្លាយជាក្រុមហ៊ុនដាំដុះដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លំដាប់ទី ៤នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុននេះ នាំចេញដូងប្រេងឆៅទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និង សហគមន៍អឺរ៉ុប៕

អត្ថបទ៖ វីរៈ រូបភាព៖ ម៉ុង ឫទ្ធី គ្រុប