ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សួរ វីរៈ ទទួលបានការព្រមព្រៀង និងគ្រោងនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា តាមរយៈការចូលរួមបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសទាំងពីរ។

បន្ទាប់ពីបានចូលរួមក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សហរដ្ឋអាម៉រិក និងកាណាដា កាលពីថ្ងៃ២៧ ខែតុលា ដល់ថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា សួរ វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឲ្យដឹងថា តាមរយៈបេសកកម្មលើកនេះ អ្នកឧកញ៉ា និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា មានឱកាសបានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន ក៏ដូចជាធុរជនជាច្រើនលើទឹកដីនៃប្រទេសទាំងពីរ។
ពិសេស អ្នកឧកញ៉ា ផ្ទាល់បានឈានដល់ការព្រមព្រៀងជាមួយដៃគូដោយគ្រោងនាំចេញអង្ករកម្ពុជា ដើម្បីលក់សាកល្បងនៅតាមទីផ្សារក្នុងប្រទេសទាំងពីរផងដែរ។ អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា៖ «យើងបានព្យាយាមទៅជួបក្រុមហ៊ុនដែលផ្គត់ផ្គង់អង្ករ និងផលិតផលផ្សេងៗដែលលក់នៅតាមផ្សារទំនើប ផ្សារអាស៊ី នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា។ ពួកគាត់បានយល់ព្រមទទួលទិញយករាល់ផលិតផលខ្មែរទាំងអស់ដែលអាចនាំចេញទៅបាន ដើម្បីចែកចាយទូទាំងសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ទៅតាមតំបន់ផ្សេងៗនូវគ្រប់ផលិតផលដូចជា អង្ករ ស្វាយចន្ទី និងផលិតផលសិប្បកម្មផ្សេងៗពាក់ព័ន្ធនឹងចំណីអាហារ»។

អ្នកឧកញ៉ាបានបន្ថែមថា ក្នុងនោះដែរ ក៏បានព្រមព្រៀងគ្នានឹងនាំចេញអង្ករទៅកាន់សហរដ្ឋអាម៉េរិក ១០ កុងតឺន័រដំបូងហើយកាណាដាយើងនឹងសាកល្បងនាំចេញទៅ ១ ទូកុងតឺន័រដំបូងនៅរដូវកាលថ្មីនេះ។
ដោយឡែកអ្នកឧកញ៉ាក៏នឹងនាំអង្ករចេញទៅប្រទេសអូស្ត្រាលី ៨ ទូកុងតឺន័រ ដំបូងផងដែរ។» អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ជាលទ្ធផលវិជ្ជមាននៃបេសកកម្មនេះដោយកម្ពុជាគាំទ្រច្រើនទៅលើផលិតកសិកម្ម និងសិប្បកម្ម ប៉ុន្តែជោគជ័យឬយ៉ាងណាគឺអាស្រ័យលើគុណភាពអង្ករ និងគុណភាពផលិតផលសិប្បកម្មរបស់ខ្មែរផ្សេងៗទៀត៕


អត្ថបទ៖ ឆដា, រូបភាព៖សមាគមឧកញ៉ាកម្ពុជា


