យ៉ាងហោចណាស់មានជនសង្ស័យ ១១១នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ បន្ទាប់ពីកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង ចុះត្រួតពិនិត្យទីតាំងសង្ស័យ ស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ១១១នាក់នោះ មានជនជាតិឥណ្ឌូណេស៊ីចំនួន ១០៦នាក់ (ស្ត្រី៣៦នាក់) និងបុរសជនជាតិខ្មែរចំនួន ៥នាក់ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងរួមមាន៖ រថយន្ត ២គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921។ ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។

នៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពីអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួមសហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប. ឆ.ប.) បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែង នៅអគារលេខ៦៥ IOS TOWER ស្ថិតនៅផ្លូវលេខ៩៥ ភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ទេព អស្នារិទ្ធ


