ក្រសួងពាណិជ្ជកម្ម រៀបចំជំនួបផ្គូផ្គងរវាងអ្នកផលិតជាមួយផ្សារទំនើប និងម៉ាត

ក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាសមាគមសណ្ឋាគារ សមាគម សហគមន៍ចុងភៅកម្ពុជា សិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន ៦០។

តាមដានជាមួយយើង៖ Million Times

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចជំនួបផ្គូផ្គងនេះ ពិត ជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមានការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់ ៣ខែម្តង ដោយចាប់ផ្តើមពីរាជធានី-ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ផលិតផលដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានា បង្កលក្ខណៈអំណោយផលដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរ ជាដើម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងលើការងារលើកកម្ពស់ និងធានានូវស្តង់ដារ បច្ចេកទេស និងគុណភាពផលិតផល ដោយគិតគូរជាសំខាន់លើការថ្លឹងថ្លែង រវាងសមត្ថភាពអ្នកផលិត និងសុខមាលភាពអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យបន្តផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រ ផ្តល់តម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យកាន់តែផុលផុសបន្ថែមទៀត និងយូរអង្វែង ការស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់អំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាពក្នុងផលិតកម្មសំដៅធានាបាននូវគុណភាព៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម