បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៨

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន៨ ដែលបានបង្ហាញអំពីការវិវត្តរីកចម្រើន​ នៃឧស្សាហកម្មយានយន្ត ដោយរោងចក្រទាំងនោះ រួមមាន៖ Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor។ នេះបើយោងតាមការពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

តាមដានជាមួយយើង៖ Million Times

ក្រសួង បានឱ្យដឹងបន្តថា ក្រៅពីរោងចក្រដំឡើងរថយន្តទាំង៨ ហើយនោះ ប្រទេសកម្ពុជា ក៏មានរោងចក្រដំឡើងម៉ូតូទូទៅ ដូចជាម៉ូតូហុងដា និង Suzuki រួមទាំងរោងចក្រដំឡើងម៉ូតូអគ្គិសនី និងរ៉ឺម៉កអគ្គិសនីមួយចំនួនទៀត។

បន្ថែមលើនេះទៀត ក៏មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលកំពុងផលិតផ្គត់ផ្គង់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម បានលើកឡើងថា ការពង្រីកមូលដ្ឋានឧស្សាហកម្មទាំងនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកល ដែលរំពឹងថា នឹងមានកំណើនខ្ពស់នៅត្រឹមឆ្នាំ២០៣០។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្តឱ្យចំគោលដៅ ដោយផ្តោតលើការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៃធាតុផ្សំរួមមាន៖ តួរថយន្ត សំបកកង់ អាគុយ ម៉ាស៊ីន គ្រឿងបង្គុំអេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងៗទៀត។

ទន្ទឹមនឹងនោះ ក៏ផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយសាកថ្ម ការបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងយន្តការលើកទឹកចិត្ត ដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់រថយន្តអគ្គិសនី៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម