អភិបាលខេត្តកំពង់ចាម ស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំនេះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យ បានរួចរាល់ទាំងស្រុង ត្រឹមនៅចុងឆ្នាំ ២០២៥ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។

ការស្នើនេះក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធី បូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន រួសរាន់ ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ រកវិធីដោះស្រាយដោយសន្តិវិធី ចំពោះប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លី ហើយក៏បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាក។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ក៏បានឱ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី មិនទាន់រួចរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាកស្រុក ដូច្នេះ ទើបបណ្តាលឱ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី គិតគូរឱ្យបានដិតដល់ ចំពោះម្ចាស់អចលនទ្រព្យ វិស្វកម្មករ និងប្រជាពលរដ្ឋ ដែលចង់សាងសង់លំនៅដ្ឋាន បូរី ត្រូវត្រួតពិនិត្យ បច្ចេកទេសគ្រឹះសំណង់ ការសង់អាគារ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាង ការសាងសង់អាគារហើយ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋពេលស្នាក់នៅ។

លើសពីនេះទៀត ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ទីរដែនដីនគរូបនីយកម្ម រៀបចំដីធ្លីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោះស្រាយផ្តល់ ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែក កាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕

អត្ថបទ៖ ប៊ី