ក្រុមហ៊ុនឧកញ៉ា តាន់ មុនីវណ្ណ ចុះ MOU ជាមួយក្រុមហ៊ុនវៀតណាមចំនួនពីរ ក្នុងគោលបំណងផ្លាស់ប្តូរ​ទំនិញ

ក្រុមហ៊ុន LFB Trading របស់ឧកញ៉ាបណិ្ឌត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹង ក្រុមហ៊ុន VISSAN និងក្រុមហ៊ុន AK Food ដែលជាក្រុមហ៊ុនមកពីប្រទេសវៀតណាម ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញនាំចេញ-នាំចូល រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

តាមដានជាមួយយើង៖ Million Times

ពិធីចុះហត្ថលេខាលើ MOU នេះ បានធ្វើឡើងក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ ២០២៥” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥។

ឧកញ៉ាបណិ្ឌត តាន់ មុនីវណ្ណ បានឱ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និងក្រុមហ៊ុន VISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

ចំណែកឯការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និងក្រុមហ៊ុន AK FOOD ដែលជាក្រុមហ៊ុនផលិតចំណីរអាហារ របស់ប្រទេសរៀតណាមនេះ ធ្វើឡើងក្នុងបំណងផ្លាស់ប្តូរទំនិញទៅវិញទៅមក និងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសទាំងពីរ តាមតម្រូវការជាក់ស្តែង ព្រមទាំងបានឯកភាពគ្នា ក្នុងការផ្លាស់បទពិសោធន៍បច្ចេកទេសលើការផលិត ការវេចខ្ចប់ និងផ្លាស់ប្តូរបទពិសោធន៍ទីផ្សារ នាពេលខាងមុខ។

គួរឱ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនប្រទេសកម្ពុជា និងក្រុមហ៊ុនប្រទេសវៀតណាម នាពេលនេះ គឺធ្វើឡើងស្របតាមការអនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុកិច្ចវៀតណាមកម្ពុជា ក្នុងពេលដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់មកកាន់ទីក្រុងហូជីម៊ិញ ប្រទេស វៀតណាម ដើម្បីចូលរួមសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើននៃប្រទេសទាំងពីរ កាលពីខែកក្កដា ឆ្នាំ ២០២៥កន្លងមក៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមឧកញ៉ា តាន់ មុនីវណ្ណ