លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ត្រូវបានបញ្ចប់គោរមងារជា «ឧកញ៉ា»

លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ត្រូវបានបញ្ចប់គោរមងារជា «ឧកញ៉ា» បន្ទាប់ពីមានព័ត៌មានថា លោកស្រី នាំចូលទំនិញជាប្រភេទសាច់សត្វក្លាសេពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា ស្របពេលដែលព្រំដែនគោកនៃប្រទេសទាំងពីរ បានបិទ។

តាមដានជាមួយយើង៖ Million Times

យោងតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥នេះ បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកស្រី អ៊ឹម សុផាន់ណារិទ្ធ ដោយយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

គួរឱ្យដឹងថា លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២។ លោកស្រី ត្រូវបានគេដឹងថា ជា​​ម្ចាស់​ក្រុមហ៊ុន​​នាំ​ចូល​ និងលក់​ចែក​ចាយ​​នូវ​សាច់សត្វជាច្រើនប្រភេទពីក្រៅប្រទេស ចូលមកកាន់ប្រទេសកម្ពុជា។  

កាលពីថ្ងៃទី ៥ ខែតុលាកន្លងទៅនេះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យឃ្លាំងរបស់លោកស្រី អ៊ឹម សុផាន់ណារិទ្ធ នៅសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនោះ បានរកឃើញសាច់សត្វក្លាសេ ៣មុខ រួមមាន៖ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤តោន។

តាមព័ត៌មានបានរាយការណ៍ថា សាច់សត្វក្លាសេទាំងនោះ ត្រូវបាននាំចូលពីប្រទេសថៃតាមច្រកព្រំដែនគោក ខណៈច្រកព្រំដែនគោកត្រូវបានយោធាថៃបិទជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥មក។

កាលពីយប់ថ្ងៃទី ៨ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន»។

សម្ដេចប្រធានព្រឹទ្ធសភា លើកឡើងថា ប្រសិនបើ សម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុន សម្ដេចមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕​

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម