ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន។ ថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញទទួលជួបពិភាក្សាការងារជុំវិញការជំរុញនេះ កាលពីថ្ងៃទី ៩ ខែតុលា។


ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការបញ្ចូលជំនាញឌីជីថលទៅក្នុងប្រព័ន្ធអប់រំ គឺជាតម្រូវការចាំបាច់មួយ សម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្តោតលើការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និងការផ្តល់ជំនួយផ្នែកបច្ចេកទេស ក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថល ដែលមានគុណភាពខ្ពស់ ជាពិសេសចូលរួមសហការ ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ។
ចំណែកឯឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងជំរុញការកែទម្រង់កម្មវិធីសិក្សា តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀនលើបច្ចេកវិទ្យាថ្មីៗ និងការបង្កើតនូវធនធានរៀន និងបង្រៀនតាមប្រព័ន្ធឌីជីថលជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីអប់រំ បានគាំទ្រទៅលើការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំ ដោយលើកឡើងថា គម្រោងនេះ នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការបង្រៀន និងការរៀនសូត្រនៅកម្ពុជា ឱ្យឈានដល់កម្រិតខ្ពស់ស្របតាមនិន្នាការពិភពលោក។
បើតាមក្រសួងអប់រំ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មជ្ឈមណ្ឌលនេះ នឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងអប់រំ