លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឱ្យមានសន្តិភាព និងការរីកចម្រើន។


នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ១០ ខែតុលានេះ លោក Roosevelt Skerrit បានរំលឹកថា កាលពីពេលលោកនៅជានិស្សិត លោកបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការរំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឱ្យមានការរីកចម្រើន។ ក្នុងនោះ លោកបានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដោយលោកបានហៅសម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឱ្យមានសន្តិភាព និងមានភាពរីកចម្រើន។
ជាការឆ្លើយតប សម្តេចតេជោ បានអរគុណលោកនាយករដ្ឋមន្ត្រី ដែលបានចាប់អារម្មណ៍ពីប្រវត្តិរបស់សម្ដេច ដោយសម្ដេចបានរៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេច ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការនាំប្រទេសជាតិមករកសុខសន្តិភាព ឯកភាពទឹកដី ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨។
លោក Roosevelt Skerrit បានអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែកនូវបទពិសោធយ៉ាងពិស្តារ ជាពិសេសការតស៊ូ ការរំដោះប្រទេសជាតិ និងការស្វែងរកសន្តិភាព ដោយលោកបានចាត់ទុកសម្តេចតេជោ ជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងជាផ្នែកមួយធ្វើឱ្យពិភពលោក មានសុខសន្តិភាព ផងដែរ។
បន្ថែមលើនេះ លោកក៏បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលបានចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើន ក្នុងពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី។ លោកផ្ទាល់ និងសហការី ពិតជាមានកិត្តិយសណាស់ ដែលពេលនេះបានស្ដាប់នូវការចែករំលែកបទពិសោធរបស់សម្តេចតេជោ ដែលប្រកបដោយគតិបណ្ឌិត និងជាមេរៀនដ៏សំខាន់សម្រាប់រូបលោក៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្តេចតេជោ