អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រចំពោះការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់មន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលមកកម្ពុជាតាមផ្លូវគោក។


កាលពីយប់ថ្ងៃទី ៨ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន»។
ការស្នើយ៉ាងដូច្នេះ ដោយសារតែមានជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តនាំទំនិញថៃចូលមកកម្ពុជា ទោះបីជាប្រទេសទាំងពីរ បានបិទច្រកព្រំដែន ចាប់តាំងពីចុងខែមិថុនាមក។ សម្ដេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ប្រសិនបើ សម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុន សម្ដេចមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៩ ខែតុលានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះថា «ដល់ពេលត្រូវអនុវត្តច្បាប់ចំពោះឈ្មួញខិលខូច និងមន្ត្រីគប់គិតបំផ្លាញ សុខភាព និងសេដ្ឋកិច្ចជាតិខ្មែរហើយ!»។ អ្នកឧកញ៉ារូបនេះ ក៏បានបង្ហាញការគាំទ្រចំពោះការស្នើរបស់សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា ដែលស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់មន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលមកកម្ពុជាតាមផ្លូវគោក ផងដែរ។

ចំណែកឯលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជ បណ្ឌិត្យសភាកម្ពុជា ក៏លើកឡើងដែរថា «មែនទែនទៅ មន្ត្រី និងឈ្មួញបែបហ្នឹងក្បត់ទំនុកចិត្តសម្តេចរាប់សិបឆ្នាំមកហើយ ពួកគេមានបាននឹងអំពើក្បត់បែបនេះច្រើនណាស់។ បើយើងអាចកម្ចាត់មន្ត្រី និងឈ្មួញបែបនេះបានមែន ស្រុកយើងនឹងកាន់តែរីកចម្រើន ហើយរាជរដ្ឋាភិបាល ក៏នឹងទទួលបានពរជ័យពីទេវតា និងប្រជាជនផងដែរ»។


គួររំលឹកថា យោធាថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគីដោយភាគី ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥មក បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នាជាថ្មី ចាប់ពីចុងខែឧសភា ឆ្នាំ ២០២៥មក៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម