សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់អ្នករកស៊ីប្តូរប្រាក់កុំស្វែងរកប្រាក់ចំណេញហួសហេតុ ខណៈប្រជាជននៅតាមព្រំដែនដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀល។
សម្ដេចប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី ៨ ខែតុលានេះថា សម្ដេចបានទទួលដំណឹងថា ប្រជាជនខ្មែរនៅតាមព្រំដែន ពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀល តាំងពីសម្ដេចបង្ហោះសារបានប្រមាណ ២ម៉ោង កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥កន្លងទៅនេះ។


សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។
«ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
តាមរយៈសារដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នករកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារ កុំស្វែងរកប្រាក់ចំណេញហួសហេតុ តាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀល ដើម្បីពង្រឹងរូបិយវត្ថុជាតិ។
សម្ដេចប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា «ប្រសិនស្រឡាញ់ជាតិ ត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ»៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចតេជោ