ជប៉ុនផ្ដល់ឥណទានសម្បទានជិត ៣០០លានដុល្លារដល់កម្ពុជា យកមកអនុវត្តគម្រោងចំនួនពីរ

រដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានជិត ៣០០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកអនុវត្តគម្រោងទឹកស្អាត និងគម្រោងអគ្គិសនី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ ធ្វើឡើងនៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងការបរទេស ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា។​

តាមដានជាមួយយើង៖ Million Times

ឥណទានដែលជប៉ុនផ្ដល់ជូនដល់កម្ពុជា មានទឹកប្រាក់ចំនួន ៤៤.៤៣៧.០០០.០០០ យ៉េន ឬស្មើប្រមាណ ២៩៦,២ លានដុល្លារ។ ក្នុងនោះ ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន ឬប្រមាណ ១៤៣.៥ លានដុល្លារ គឺសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ។

ចំណែកទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន ឬប្រមាណ ១៥២.៧ លានដុល្លារ គឺសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីដំណាក់កាលទី ៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការបន្តផ្តល់ឥណទានសម្បទានជិត ៣០០លានដុល្លារ នាពេលនេះ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕  

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស