អេស៊ីលីដា បោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ១០០លានដុល្លារ ផ្តល់ឱកាសដល់វិនិយោគិន និងធនាគារប្រមូលប្រភពទុន

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ១០០លានដុល្លារ ដែលជួយផ្តល់ឱកាសដល់វិនិយោគិន និងជួយធនាគារក្នុងការប្រមូលប្រភពទុន សម្រាប់គាំទ្រប្រតិបត្តិការធនាគារ រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។ ការប្រកាសបោះផ្សាយនេះ បានប្រកាសជាផ្លូវការនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នៅផ្សារមូលបត្រកម្ពុជា។

តាមដានជាមួយយើង៖ Million Times

នេះជាលើកទី២ហើយ ដែលធនាគារ អេស៊ីលីដា​ បានចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើបរិវិសកម្មរបស់វិនិយោគិនគុណវុឌ្ឍិ កាលពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ដោយធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិចំនួន ៧៧នាក់។

ក្នុងនោះ បានបញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំ ដែលបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារ ជាមួយនឹងអត្រាគូប៉ុងប្រមាណ ៧.៥% ក្នុងមួយឆ្នាំ ដែលជួយផ្តល់ឱកាសដល់វិនិយោគិន និងជួយធនាគារក្នុងការប្រមូលប្រភពទុន សម្រាប់គាំទ្រប្រតិបត្តិការធនាគារ រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។ ជាពិសេស សញ្ញាបណ្ណនេះមានទំហំធំ ដែលជាលទ្ធផលធនាគារ អេស៊ីលីដា ទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិន លើសពីការរំពឹងទុក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិយាយថា លោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ដែលមានទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក។

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ផ្សារមូលបត្រកម្ពុជាដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា ចុះបញ្ជីជាផ្លូវការចំពោះមូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិដែលជាប្រភេទសញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារ អេស៊ីលីដា ក្នុងទំហំដូចបានរៀបរាប់ខាងលើ ចាប់ពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះតទៅ។ លោកបណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារ នូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា។

គួរឱ្យដឹងថា សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកប​ដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារ អេស៊ីលីដា